អ្នកប្រហែលជាដឹងហើយថា បើសិនជាអ្នកចង់ប្រាប់នរណាម្នាក់ថាអ្នកមិនដែលជួបបទពិសោធន៍បែបនេះពីមុនមកនោះទេ ដោយប្រើប្រាស់ភាសាអង់គ្លេសអ្នកអាចនិយាយថា I have never experienced something like this before. ប៉ុន្តែ ចុះបើអ្នកចង់បន្ថែមទម្ងន់ទៅលើអ្វីដែលអ្នកចង់និយាយថា អ្នកពិតជាមិនដែលជួបបទពិសោធន៍បែបនេះពីមុនមកមែន តើអ្នកអាចនិយាយបែបណាក្នុងភាសាអង់គ្លេសវិញ ?
នៅត្រង់ចំណុចនេះឯងដែលយើងត្រូវការប្រើប្រយោគច្រាស ឬប្រយោគត្រលប់ដែលគេហៅថា Inversion។ Inversionគឺជាការចម្រាសទីតាំងរបស់សព្វនាម (Subject) និងកិរិយាជំនួយ (Auxiliary verbs)។ បើអ្នកចង់បន្ថែមទម្ងន់ទៅលើល្បះខាងលើនេះ អ្នកអាចនិយាយបានថា Never have I experienced something like this before. ។ នៅក្នុងល្បះនេះ សព្វនាម I ត្រូវបានប្ដូរទីតាំងទៅដាក់នៅខាងក្រោយកិរិយាជំនួយ have រីឯ Never ដែលជាគុណកិរិយាត្រូវបានយកមកដាក់នៅខាងដើមល្បះវិញ។ ការប្ដូរទីតាំងបែបនេះនៅក្នុងភាសាអង់គ្លេសហៅថា Inversion។
Inversion ត្រូវបានប្រើប្រាស់ដើម្បីបន្ថែមទម្ងន់ទៅលើល្បះជាមួយនឹងគុណកិរិយា(Adverb)និងឃ្លាគុណកិរិយា(Adverb phrase) ទាំងឡាយណាដែលមានលក្ខណៈអវិជ្ជមាន។ នៅពេលប្រើប្រាស់បែបនេះ គុណកិរិយាឬឃ្លាគុណកិរិយាអវិជ្ជមានត្រូវបានលើកយកមកដាក់នៅខាងដើមល្បះ ចំណែកឯសព្វនាមនិងកិរិយាជំនួយត្រូវបានចម្រាសទីតាំងគ្នា។ គុណកិរិយាឬឃ្លាគុណកិរិយាដែលត្រូវបានគេប្រើប្រាស់ញឹកញាប់នៅក្នុងInversionមានដូចជា Hardly, Never, Seldom, Rarely, Only then, Not only... but, No sooner, Scarcely, Only later, Nowhere, Little, Only in this way, In no way និង On no account។
ឧទាហរណ៍ដូចជា៖១) On no account should he leave without my permission. (He shouldn't leave without my permission on any account.) «មិនថាមានរឿងអ្វីក៏ដោយ គាត់មិនអាចចាកចេញដោយគ្មានការអនុញ្ញាតពីខ្ញុំនោះឡើយ។»
២) No sooner had my mom arrived home than the phone rang. (My mom had no sooner arrivedthan the phone rang.) «គ្រាន់តែម៉ាក់របស់ខ្ញុំត្រឡប់មកដល់ផ្ទះភ្លាម ទូរស័ព្ទក៏រោទ៍ឡើងភ្លាមនោះដែរ។»
៣) Not only can this man speak English very well but he can also speak Chinese fluently too. (This man not only can speak English very well, but he can also speak Chinese fluently too.) «បុរសម្នាក់នេះមិនត្រឹមតែអាចនិយាយភាសាអង់គ្លេសបានល្អនោះទេ តែថែមទាំងនិយាយភាសាចិនបានស្ទាត់ទៀតផង។»
ចំណែកឯឃ្លាគុណកិរិយាដទៃទៀត ល្បះណាដែលប្រើប្រាស់ជាមួយពួកវាត្រូវបានលើកយកមកចម្រាសនៅផ្នែកទី២នៃល្បះវិញ។
ឧទាហរណ៍ថា៖ ១) Only after I had seen their real situation did I understand the reason that they did what they did to me. (I understood the reason that they did what they did to me only afterI had seen their real situation.) «ក្រោយពេលដែលខ្ញុំបានឃើញស្ថានភាពជាក់ស្ដែងរបស់ពួកគេ ទើបខ្ញុំបានយល់ពីមូលហេតុដែលនាំឲ្យពួកគេធ្វើនូវអ្វីដែលពួកគេបានធ្វើមកលើខ្ញុំ។»
២) Not until I saw it with my own eyes did I believe what she told me. (I didn't believe what she told me until I saw it with my own eyes.) «រហូតទាល់តែខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែក ទើបខ្ញុំជឿនូវអ្វីដែលនាងបានប្រាប់ខ្ញុំ។»
ក្រៅពី Only after និង Not until ឃ្លាផ្សេងទៀតដែលមានលក្ខណៈបែបនេះមានដូចជា Not since, Only when និង Only by។
ចំណុចសំខាន់ដែលអ្នកត្រូវកំណត់ចំណាំអំពីInversionនោះគឺ ពួកយើងចម្រាស់សព្វនាមនិងកិរិយាជំនួយតែនៅពេលដែលគុណកិរិយាឬឃ្លាគុណកិរិយាអវិជ្ជមាននោះ បន្ថែមទម្ងន់ទៅលើល្បះទាំងមូល មិនមែននៅពេលវាបន្ថែមទម្ងន់តែទៅលើនាមឬសព្វនាមនៅក្នុងល្បះនោះឡើយ។ យកល្បះនេះជាឧទាហរណ៍៖ Only you understand this matter. «មានតែអ្នកម្នាក់គត់ដែលយល់អំពីបញ្ហានេះ។» ។ ចំពោះល្បះនេះ Only បន្ថែមទម្ងន់ទៅលើ you ដែលជាសព្វនាម មិនមែនបន្ថែមទម្ងន់ទៅលើល្បះទាំងមូលនោះឡើយ។ ដូចនេះ ល្បះនេះមិនចម្រាសសព្វនាមនិងកិរិយាទេ។
ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវចងចាំអំពី Inversion នេះដែរគឺ ការចម្រាស់នេះកើតឡើងមិនត្រឹមតែទៅលើសព្វនាម(Subject)និងកិរិយាជំនួយ(Auxiliary verb)នោះទេ តែវាក៏ចម្រាស់សព្វនាមនិងកិរិយាចម្បង(Main verb)ដែរ។ ចំណែកឯការចម្រាស់សព្វនាមនិងកិរិយាជំនួយនេះក៏មិនមែនប្រើប្រាស់តែដើម្បីបន្ថែមទម្ងន់ទៅលើល្បះដែលមានគុណកិរិយា(Adverb)និងឃ្លាគុណកិរិយា(Adverb phrase) អវិជ្ជមាននោះដែរ។ វាក៏ត្រូវបានគេប្រើប្រាស់នៅក្នុងការបង្កើតសំណួរ (Question), ល្បះលក្ខខណ្ឌ (Conditional sentence), So + adjective/adverb និង Such, Question tags, Echo tags និងចម្រាសជាមួយSo, NeitherឬNor ដើម្បីបង្ហាញការយល់ស្រប។ ប៉ុន្តែចំណុចទាំងនេះយើងនឹងបកស្រាយនៅថ្ងៃក្រោយទៀត។ ថ្ងៃនេះយើងសូមស្លេះត្រឹមនេះសិនចុះ៕
ដោយ៖ ស្រីពៅ
No comments:
Post a Comment